ដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង

 ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន (RGI) និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកឱកាសទទួលបានសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងបង្កើតប្រាក់ចំណូលបន្ថែម ដល់សមាជិក CEYFA ជាង ៦លាននាក់ នៅទូទាំងប្រទេស។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅមជ្ឈមណ្ឌល ដឺ ហ្រ្គេន ធឺរេស ដោយមានអ្នកចូលរួមជាង ២,២០០នាក់។ បណ្តាញសមាជិក CEYFA គ្របដណ្តប់លើ ១៨វិស័យ (ដូចជា អាជីវករលក់ដូរ អ្នកលក់ម្ហូបអាហារ អ្នកដឹកជញ្ជូន និងកសិករ) ដែលភាគច្រើនជាអាជីវកម្មក្រៅប្រព័ន្ធ និងតែងជួបការលំបាកក្នុងការទទួលបានប្រភពទុន។

ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា «សមាជិករបស់យើងខិតខំប្រឹងប្រែងធ្វើការដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែពួកគាត់ជាច្រើននៅតែជួបការលំបាក ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលត្រូវការសម្រាប់ពង្រីកអាជីវកម្ម។ តាមរយៈកិច្ចសហការនេះ ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទាន គ្រប់គ្រងការទូទាត់ និងបង្កើតចំណូលបន្ថែម ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើង»។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្តល់ជូនសមាជិកសមាគមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបាននូវសេវាទូទាត់តាមប្រព័ន្ធ KHQR សេវាបើកប្រាក់បៀវត្ស កម្ចីអាជីវកម្ម ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ កាតឥណទានវីងវីសាដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ព្រមទាំងសេវាហិរញ្ញវត្ថុចាំបាច់ជាច្រើនទៀត។ លើសពីនេះ កិច្ចសហការនេះ ក៏បើកឱកាសឱ្យសមាជិកអាចក្លាយជាភ្នាក់ងារធនាគារ វីង ឬភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក៏អាចស្វែងរកឱកាស ក្នុងការណែនាំអតិថិជនឱ្យប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក ដែលជួយឱ្យគ្រួសារកាន់តែច្រើន ទទួលបានការគាំពារផ្នែកហិរញ្ញវត្ថុ នៅជិតកន្លែងដែលពួកគេរស់នៅ និងប្រកបមុខរបរ។

លោក សោម ធីសែន នាយកប្រតិបត្តិគ្រប់គ្រងសេវាធនាគារសាធារណៈ នៃធនាគារ វីង (ខេមបូឌា) ម.ក បានលើកឡើងថា «សម្រាប់ម្ចាស់អាជីវកម្មតូចជាច្រើន ប្រាក់ចំណូលដែលពួកគាត់រកបានជារៀងរាល់ថ្ងៃ គឺត្រូវបែងចែកសម្រាប់ចំណាយទាំងលើមុខរបរ និងតម្រូវការក្នុងគ្រួសារ។ ភាពងាយស្រួលក្នុងការទទួលប្រាក់ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយពួកគាត់ឱ្យចាត់ចែងសាច់ប្រាក់បានល្អ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកសេវាកម្មទាំងនេះកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលតែងជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ»។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន បណ្តាញប្រតិបត្តិការរបស់ធនាគារ វីង (ខេមបូឌា) ម.ក នៅទូទាំងប្រទេស រួមមានសាខាធនាគារជិត ៣០ទីតាំង ភ្នាក់ងារវីងម៉ាស្ទ័រជាង ២០០កន្លែង និងភ្នាក់ងារធនាគារ វីង (ខេមបូឌា) ម.ក ជាង ១២.០០០កន្លែង។ តាមរយៈបណ្តាញដ៏ទូលំទូលាយនេះ សមាជិកទាំងអស់អាចស្វែងយល់ និងប្រើប្រាស់សេវាធនាគារ និងសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក បានកាន់តែងាយស្រួល និងនៅក្បែរផ្ទះបំផុត៕





































أحدث أقدم