មានជនរងគ្រោះផ្សេងទៀត ដែលចាញ់បោកកន្លែងលក់ម៉ូតូជាប់ក្រុមហ៊ុនបង់រំលស់, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវចាត់វិធានការបន្ទាន់ ចំពោះអ្នកលក់ម៉ូតូបោកប្រាស់ប្រជាពលរដ្ឋ ក្នុងរូបភាពបែបនេះ

(ភ្នំពេញ)៖ រកឃើញជនរងគ្រោះផ្សេងទៀត មានបញ្ហាចាញ់បោកកន្លែងលក់ម៉ូតូដែលយកម៉ូតូជាប់ជាមួយក្រុមហ៊ុនបង់រំលស់ មកលក់ឲ្យអ្នកទិញក្នុងតម្លៃទិញដាច់ លុះជិះបានមួយរយៈស្រាប់តែខាងក្រុមហ៊ុនបង់រំលស់ មកសួរនាំថាអ្នកដែលកំពុងជិះម៉ូតូនេះ គឺបង់រំលស់ជាមួយក្រុមហ៊ុន។ ប៉ុន្ដែនៅពេលអ្នកទិញនោះ ទៅសួរនាំកន្លែងដែលខ្លួនបានជិះម៉ូតូ ស្រាប់តែគេចវេស ឬខ្លះបិទហាងសេងឲ្យអ្នកដទៃ។


ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវ និងចាត់វិធានការច្បាប់ជាបន្ទាន់ ចំពោះទីតាំងលក់ម៉ូតូទាំងឡាយណាដែលបោកប្រាស់ប្រជាពលរដ្ឋ យកម៉ូតូជាប់ក្នុងក្រុមហ៊ុនបង់រំលស់ មកដល់ឲ្យប្រជាពលរដ្ឋ ហើយក្លែងបន្លំឯកសារ (កាតគ្រី)។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំបានដាក់បទបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ ចំពោះទីតាំងលក់ម៉ូតូទាំងឡាយណា ដែលយកម៉ូតូបង់រំលស់មកលក់ឲ្យប្រជាពលរដ្ឋ ហើយគេចវេសមិនទទួលខុសត្រូវ។ ខ្ញុំបញ្ជាឲ្យស្រាវជ្រាវឲ្យដល់ឫសគល់ ដោយគ្មានការលើកលែងដាច់ខាត ព្រោះសកម្មភាពនេះធ្វើបាបដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ»។

ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បែបនេះ ក្រោយទទួលបានព័ត៌មានជាបន្ដបន្ទាប់ពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដោយបញ្ជាក់ថា ពួកគាត់ទិញម៉ូតូលុយសុទ្ធ (ទិញដាច់) ប៉ុន្ដែបានជិះមួយរយៈស្រាប់តែក្រុមហ៊ុនបង់រំលស់ទាក់ទងមកថា ម៉ូតូដែលពួកគាត់កំពុងប្រើប្រាស់នេះ គឺជាប់ក្នុងបញ្ជីបង់រំលស់ជាមួយក្រុមហ៊ុន ហើយតម្រូវឲ្យចូលខ្លួនដោះស្រាយជាបន្ទាន់ បើមិនដូច្នេះទេ គេនឹងដកហូតម៉ូតូវិញ។


ជាក់ស្ដែងព័ត៌មានដែលទើបទទួលបាន គឺមានប្រជាពលរដ្ឋម្នាក់បានទិញម៉ូតូពីកន្លែងលក់មួយកន្លែងឈ្មោះ ហេង ស្រីលាភ នៅម្ដុំផ្សារឃ្លាំងរំសេវ។ លុះក្រោយមកជិះបានមួយរយៈ ក៏មានបុគ្គលិកក្រុមហ៊ុន អាយលីស រ៉ូយ៉ាល់ ហ្វាយនែន មករកដល់ផ្ទះថា ម៉ូតូដែលខ្លួនជិះនោះបង់រំលស់ជាមួយក្រុមហ៊ុន តែម្ចាស់ម៉ូតូបានអះអាងថា ម៉ូតូនេះគាត់ទិញលុយសុទ្ធមិនបានបង់រំលស់ឡើយ។ នៅពេលទៅសួរនាំកន្លែងដែលខ្លួនទិញម៉ូតូនៅម្ដុំឃ្លាំងរំសេវ គឺកន្លែងនោះបានបិទទ្វារ និងសេងតូបទៅឲ្យអ្នកផ្សេងបាត់។


អ្វីដែលគួរឲ្យកត់សម្គាល់ គឺម៉ូតូដែលគាត់កំពុងប្រើប្រាស់នោះ មានកាតគ្រីចំនួន២ តែក្នុងនោះអាចមានមួយជាកាតគ្រីក្លែងក្លាយ ដែលក្លែង​បន្លំដោយកន្លែងលក់ម៉ូតូតែម្ដង ដើម្បីបោកប្រាស់ប្រជាពលរដ្ឋអ្នកទិញដែលមិនស្គាល់ច្បាស់។


យ៉ាងណាមិញ បញ្ហានេះប្រជាពលរដ្ឋបានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្រោមការដឹកនាំប@ញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកុំឲ្យពលរដ្ឋផ្សេងទៀតបន្ដក្លាយជាជនរងគ្រោះ ដោយសារអ្នកលក់ម៉ូតូបោកប្រាស់៕




Previous Post Next Post